លោក ស៊ុ​យ សែ​ម ព្រមាន​ដល់​មន្ត្រី​អគ្គិសនី​ហាម​យក​អគ្គិសនី​ធ្វើ​ជា​មុខរបរ​ផ្ទាល់ខ្លួន

រាជធានី​ភ្នំពេញ ៖ លោក​​ ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​ព្រមាន​ខ្លាំង​ៗ​ដល់​មន្ត្រី​អគ្គិសនី​ទាំងអស់​ថា មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នក​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះ​ឡើយ ។

លោក​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៥ ។ លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា មន្ត្រី​អគ្គិសនី​ទាំងអស់​ត្រូវ​មក​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ និង​មិន​ត្រូវ​យក​តួនាទី​ដែល​បម្រើ​ការងារ​នៅ​អគ្គិសនី មក​ធ្វើ​ជា​មុខរបរ​ផ្ទាល់ខ្លួន​ទេ ព្រោះ​អគ្គិសនី​កម្ពុជា​គឺជា​អគ្គិសនី​របស់​រដ្ឋ សម្រាប់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ។

ក្នុង​នោះ មន្ត្រី​អគ្គិសនី​ទាំងអស់​ត្រូវ​បម្រើសេវា​ដោយ​ភាព​ស្មោះត្រង់ គោរព​តាម​ច្បាប់ តាម​អនុក្រឹត្យ តាម​ព្រះរាជក្រឹត្យ និង​តាម​សេចក្តី​ប្រកាស​សារាចរ​ផ្សេង​ៗ និង​ចេះ​សម្របសម្រួល​នៅ​លើ​ករណី​ដែល​ពាក់ព័ន្ធ​ចំពោះ​ការ​ផ្គត់ផ្គង់​ផ្នែក​អគ្គិសនី​នេះ ។ ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ក៏​បាន​កោត​ស​សើរ​ចំពោះ​ម​ន្រី្ត​អគ្គិសនី​នៅ​ភ្នំពេញ​ទាំងអស់​ដែល​បាន​ខិតខំ​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​ការ​ផ្តល់​សេ​វាត​បណ្តាញ​ជូន​ដល់​កម្មករ​-​កម្មការិនី​ក្នុង​រយៈពេល​ជាង​៣​ខែ​មកនេះ អនុវត្ត​កា​រត​បណ្តាញ​និង​ដំឡើង​កុង​ទ័​រ​បាន​ជាង​១២​ម៉ឺន​បន្ទប់​ផ្ទះ​ជួល ប្រកបដោយ​ផ្លែផ្កា​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ចា​ក់​ផង​ដែរ​ថា សម្រាប់​អគ្គិសនី​លំនៅ​ឋាន​ដែល​ផ្គត់ផ្គង់​ចេញពី​ប្រភព​អគ្គិសនី​របស់​បណ្តាញ​ជាតិ​ចែក​ចេញ​ជា​៣​មាន​៖ តំបន់​ភ្នំពេញ តំបន់​ទីរួមខេត្ត​ធំ​ៗ និង​តំបន់​ជនបទ ។ សូម​បញ្ចា​ក់​ផង​ដែរ​ថា សម្រាប់​តំបន់​ភ្នំពេញ​ខេត្តកណ្តាល និង​កំពង់ស្ពឺ អគ្គិសនី​កម្ពុជា​មាន​តម្លៃ​៣​ប្រភេទ​គឺ ៦១០​រៀល ៧២០​រៀល និង​៨២០​រៀល ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំណែក​តំបន់​ទីរួមខេត្ត​របស់​អគ្គិសនី​កម្ពុជា មាន​ខេត្តតាកែវ​កំពត ព្រះ​សីហ​នុ កំពង់ចាម សៀមរាប ថ្លៃ​លក់​ចេញ​មាន​តម្លៃ ៨២០​រៀល និង​៩២០​រៀល ។ ក្នុង​នោះ តំបន់​ខ្លះ​ទៀត​មាន​ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ តម្លៃ​លក់​ចេញ​១​ពាន់​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ចំពោះ​តំបន់​ជនបទ​វិញ​ដែល​ផ្គត់ផ្គង់​ដោយ​សេវាករ​ឯកជន​តំបន់​ខ្លះ​មាន​តម្លៃ​១.០៥០​រៀល និង​កន្លែង​ខ្លះ​ទៀត​មាន​តម្លៃ​១.១០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ៕

Comments

comments

Top