រថយន្តដឹកជ្រូក​ធុនធំ ក្រឡាប់សង្កត់លើផ្ទះប្រជាពលរដ្ឋ​ រងរបួសធ្ងន់៥នាក់

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ធុន​ធំ​មួយ​គ្រឿង មាន​ដឹក​ជ្រូក​ជា​ច្រើន​ក្បាល បាន​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួសធ្ងន់​៥​នាក់ ក្នុង​នោះ​មាន​ម្នាក់​សល់​តែ​ដង្ហើម​ចង្រិត ហើយ​ជន​រង​គ្រោះ​ទាំងនោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ស្រុក​សំពៅ​លូន ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៧ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩B ស្ពាន​អូ​រយ៉ា​ម៉ា ក្នុងភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

ប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៥នាក់ ១-ឈ្មោះ​ឡុង សុភា ភេទប្រុស ហៅក្តាម ២-ឈ្មោះពេជ សារឿន ភេទប្រុស (ម្ចាស់​ផ្ទះ) ៣-ឈ្មោះវឿន ធួន ភេទប្រុស អាយុ​៣២​ឆ្នាំ ៤-​ឈ្មោះវឿន ស្រីនីត អាយុ​១១ឆ្នាំ និង​៥-វឿន ស្រីមី អាយុ​៧ឆ្នាំ ។ ចំណែកឯ​រថយន្ត​ដឹក​ជ្រូក​បង្ក​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1562 ​ដោយម្ចាស់ជ្រូក​មិនទាន់ស្គាល់អត្តសញ្ញាណ​ និង​បានព្រមាន​លើ​សមត្ថ​កិច្ច​​មិន​ឱ្យ​ថត​រូបទេ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ជ្រូក​ខាងលើ គេ​ឃើញ​ធ្វើ​ដំណើរ​ចេញពី​ស្រុក​សំពៅ​លូន (​លិចទៅ​កើត​) លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ផង បត់​មិន​ទាន់​ក៏​ក្រឡាប់​សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ។

004003002001

Comments

comments

Top