មេក្លោងគ្រឿងញៀន ជនជាតិវៀតណាម ៦នាក់ ត្រូវអស់ល័ក្ខ ក្រោយសមត្ថកិច្ចរកឃើញលាក់ក្នុងធុងហ្គាស

វៀតណាម៖ ជនជាតិវៀតណាមចំនួន ៦នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន នៅទីក្រុងហាណូយ បន្ទាប់ពីរកឃើញថ្នាំញៀនចំនួន ១២០គីឡូក្រាម ប្រភេទហេរ៉ូអ៊ីន ដែលបានលាក់ក្នុងធុងហ្គាសដ៏ធំ នេះបើតាមសារព័ត៌មានក្នុងស្រុមមួយ បានរាយការណ៍ កាលពីថ្ងៃច័ន្ទ។

យោងតាមរបាយការណ៍មួយ បានអោយដឹងថា​ «ជនសង្ស័យម្នាក់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ពីខេត្តមួយនៅភាគខាងជើងនៃតំបន់ភ្នំ ឈ្មោះ Son La រួចដឹកជញ្ជូនចូលទៅកាន់ទីក្រុងហាណូយ។»

ដោយឡែក តាមរយៈសារព័ត៌មាន Vietnam News វិញ បានចុះផ្សាយថា មេក្លោងចំនួន ១១នាក់ទៀត ដែលមានជនជាតិឡាវចំនួន ១០រូប និងថៃ ១រូប ត្រូវបានចាប់ខ្លួន ពីតំបន់ផ្សេងៗ ដែលពួកគេមានបំណងជញ្ជូនវត្ថុធាតុដើមសម្រាប់ផលិតថ្នាំញៀន ចំនួន ៥,៥ តោន ទៅកាន់ប្រទេសឡាវ ផងដែរ។ ប៉ូលីស បានសង្ស័យថា មេក្លោងទាំងនោះ អាចដឹកជញ្ជូនទៅកាន់ទីកន្លែងផលិតមួយ ដើម្បីផលិតជាថ្នាំប្រភេទ មេតាមប៉េតាមីន (Methamphetamines) ដែលពេញនិយមនៅប្រទេសអាស៊ីអាគ្នេយ៍នេះ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម គឺជាប្រទេសដែលមានច្បាប់តឹងរឹងបំផុត ចំពោះបទល្មើសជួញដូរគ្រឿងញៀន។ ចំពោះជនណា ដែលជួញដូរលើសពី ៦០០ក្រាម នៃប្រភេទហេរ៉ូអ៊ីន ឬលើសពី ២០គីឡូក្រាម នៃអាភៀន នឹងត្រូវប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត៕

 

Comments

comments

Top