កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

ភ្នំពេញៈ កម្ពុជា​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​​មួយ​ខែ្ស​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់ ២៥០០ លាន​ដុល្លារ​ដែល​ជា​ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​ចាំបាច់​របស់​វិស័យ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​​របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្ដី​ពី «ផ្លូវ​ល្បឿន​លឿន» នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក អ៊ីវតឹក បាន​ថ្លែង​ថា​ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រក្សា​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ​ពោល​គឺ​កំណើន​ផលិតផល​សរុប (GDP) បាន​កើន​ឡើង​ជាង ៧ ភាគរយ​ជា​រៀងរាល់​ឆ្នាំ និង​កំណើន​ផលិតផល​សរុប​ក្នុង​មួយ​គ្រួសារ​បាន​កើនឡើង​ដល់ ១០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វិស័យ​ដឹក​ជញ្ជូន​ក៏​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​មាន​ការ​រីកចម្រើន​ខ្លាំង​ផង​ដែរ។

លោក អ៊ីវតឹក បាន​ថ្លែង​បន្ត​ថា​ជាមួយ​កំណើន​យានយន្ត​ដឹក​ទំនិញ និង​​អ្នក​ដំណើរ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បង្ក​ឲ្យ​មនុស្ស​​រាប់​ពាន់​នាក់​ស្លាប់​ និង​របួស​ក្នុង​មួយ​ឆ្នាំៗ។

កម្ពុជា​ គ្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ពី ​ភ្នំពេញ​ ទៅ​ក្រុង​ បាវិត

ជាក់ស្ដែង​នៅក្នុង​របាយការណ៍​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឆ្នាំ​ ២០១៤ មាន​អ្នក​ស្លាប់​ និង​របួស​សរុប​មាន​រហូត​ដល់​ ១៥៣១៥ នាក់​ដែល​គេ​អាច​វាយតម្លៃ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស ៦ នាក់​ស្លាប់ និង ១៧ នាក់​ទៀត​រងរបួស។

លោក អ៊ីវតឹក បាន​បញ្ជាក់​ថា៖ «ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​​សម្រួល​សេវា​ដឹកជញ្ជូន​ទំនិញ​ ពាណិជ្ជកម្ម និង​អ្នក​ដំណើរ​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់​នៃ​សហគមន៍​អាស៊ាន​បាន​កាន់តែ​ឆាប់​រហ័ស»​។

បើ​តាម​លោក អ៊ីវតឹក ផ្លូវ​ល្បឿន​លឿន​ដែល​គ្រោង​ធ្វើ​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​នោះ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ២ ៥០០ លាន​ដុល្លារ​អាមេរិក​ហើយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ជា​អ្នក​ទទួល​រ៉ាប់រង​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន JICA។

តាម​គម្រោង​ដែល​បាន​សិក្សា​មាន​ផ្លូវ​ពីរ​ខ្សែ​ដែល​ខ្សែ​ទី​ ១ មាន​ផ្លូវ​ B និង ផ្លូវ​ B ់ ដែល​ផ្លូវ​ B រត់​ត្រង់​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​តាម​ផ្លូវ​ជាតិ​លេខ ១ ឆ្លងកាត់​ទន្លេ​មេគង្គ​ត្រង់​អ្នកលឿង និង​ផ្លូវ B ់ រត់​ត្រង់​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​តាម​ផ្លូវ​ជាតិ​លេខ ១ ឆ្លង​កាត់​ទន្លេ​មេគង្គ​ត្រង់​សំរោងធំ។ ចំណែក​ខ្សែ​ទី ២ គឺ​ផ្លូវ​ខ្សែ C រត់​ត្រង់​ផ្ទាល់​ចេញ​ពី​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ (​ល្វាឯម) ទៅ​ក្រុង​បាវិត​ឆ្លងកាត់​តាម​ខេត្ត​ព្រៃវែង។ ក្រោយ​ពី​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទាំង​ពីរ​ខ្សែ​នេះ​ក្រុម​ជំនាញ​ការ​ JICA សម្រេច​ជ្រើសរើស​យក​គម្រោង​ផ្លូវ​ខ្សែ C និង​ទទួល​បាន​ការ​គាំទ្រ​ និង​ឯកភាព​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​ ៦​ តុលា​ឆ្នាំ​ ២០១៥។

ទោះ​ជា​បែប​ណា​ក្ដី​នៅក្នុង​បទសម្ភាស​ដាច់​ដោយ​ឡែក​មួយ​ជុំវិញ​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នោះ​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្ដើម​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ទេ។

លោក អ៊ីវតឹក បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «វា​អាស្រ័យ​លើ​ជំនួយ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន។ ប៉ុន្តែ​បើ​តាម​ក្រុម​ជំនាញ​ការ​នៃ​ទីភ្នាក់ងារ JICA គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​រួច និង​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០៣៣»។

នៅក្នុង​ឱកាស​នោះ​ដែរ​លោក Kumamaru Yuji ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​អធិប្បាយ​ពី​សារៈប្រយោជន៍​នៃ​ផ្លូវ​ល្បឿន​លឿន​​នេះ​ថា​ជា​ផ្លូវ​ធំ​ដែល​ត្រូវ​រចនា​ឡើង​សម្រាប់​ការ​បើកបរ​ក្នុង​ល្បឿន​លឿន និង​មាន​ចម្ងាយ​វែង​ដែល​ផ្លូវ​ប្រភេទ​នេះ​បាន​ជួយ​សម្រួល​បាន​ច្រើន​ដល់​វិស័យ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ហើយ​ក្នុង​កាលៈទេសៈ​នេះ​ប្រទេស​កម្ពុជា​ ដែល​ជា​សមាជិក​នៃ​សហគមន៍​ប្រជាជាតិ​អាស៊ាន​ចាំបាច់​ត្រូវ​បង្កើត​ឡើង​នូវ​ផ្លូវ​​ល្បឿន​លឿន​មួយ​ដែល​មាន​គុណភាព​ខ្ពស់ និង​រឹងមាំ​ដើម្បី​សម្រួល​ដល់​ចលនា​ដឹកជញ្ជូន​ទំនិញ ពាណិជ្ជកម្ម និង​អ្នក​ដំណើរ​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​សំខាន់ៗ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក។

លោក Kumamaru Yuji បាន​គូសបញ្ជាក់​ថា៖ «​ផ្លូវ​ល្បឿន​លឿន​ដែល​គ្រោង​នឹង​សាងសង់​នេះ​ គឺជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ផ្លូវ​នៅក្នុង​តំបន់​អាស៊ាន និង​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​គាំទ្រ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​ជិត​ខាង»៕

Comments

comments

Top